តាមរយៈផែនការសកម្មភាពនៃការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនរយៈពេល 5 ឆ្នាំ (2016-2020) ក្រោមជំនួយរបស់ទីភ្នាក់ងារទឹកបារាំង Rhine-Meuse និងទីភ្នាក់ងារទឹកបារាំង Loire-Bretagne លើផ្នែកការអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យ

តាមរយៈផែនការសកម្មភាពនៃការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនរយៈពេល 5 ឆ្នាំ (2016-2020) ក្រោមជំនួយរបស់ទីភ្នាក់ងារទឹកបារាំង Rhine-Meuse និងទីភ្នាក់ងារទឹកបារាំង Loire-Bretagne លើផ្នែកការអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យចាប់ពីឆ្នាំ 2016 រហូតដល់ឆ្នាំ 2019 នេះ ដែលបានអនុវត្តដោយអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម មាន៖
– ជំនួយតាមរយៈទីភ្នាក់ងារទឹកបារាំង Rhine-Meuse ឆ្នាំ 2019៖ ផ្តល់ស្ថានីយផលិតទឹកស្អាតចំនួន 3 ដែលស្ថានីយចំនួន 2 បានកំពុងសាងសង់នៅខេត្តព្រះវិហារគឺ នៅឃុំរក្សា ស្រុករវៀង និង នៅឃុំពុទ្រា ស្រុកជ័យសែន នឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ 2019 និង 1 ស្ថានីយទៀតនៅឃុំសាលាវិស័យ ស្រុកប្រាសាទ បល្ល័ង្គ ខេត្តកំពង់ធំ កំពុងរៀបចំឯកសារ និងគ្រោងសាងសង់នៅពាក់កណ្តាលឆ្នាំ 2019 ។
– សម្រាប់ឆ្នាំ 2019 ៖ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប សហការជាមួយនឹង ទីភ្នាក់ងារទឹកបារាំង Loire-Bretagne បានផ្តល់ធុងចម្រោះទឹកស្អាត (Safe Water Cube) ចំនួន 25 ធុង ដែលនឹងតម្លើងនៅតាមសាលារៀនក្នុងភូមិបណ្តែតទឹកនៃតំបន់ជុំវិញបឹងទន្លេសាបតាមបណ្តាតំបន់ទីតាំងដូចខាងក្រោម៖
1- ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៖ ចំនួន 5 ធុង
2- ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៖ ចំនួន 3 ធុង
3- ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់៖ ចំនួន 3 ធុង
4- ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៖ ចំនួន 2 ធុង
5- ឃុំកោះជីវាំង ស្រុកសង្កែ ខេត្តបាត់ដំបង៖ ចំនួន 3 ធុង
6- ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប៖ ចំនួន 2 ធុង
7- ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៖ ចំនួន 2 ធុង និង
8- ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប៖ ចំនួន 4 ធុង

បេសកកម្មចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែកុម្ភៈ និងថ្ងៃទី 8 ខែមីនា ឆ្នាំ 2019 ក្រុមការងារគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោង អមដំណើរដោយ លោក ហេង មនោ មេឃុំ ឃុំផាត់សណ្តាយ និងជាសមាជិកគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនខេត្តកំពង់ធំ បានចុះជួបពិភាក្សាលើ (i) លក្ខន្តិកៈក្នុងការដាក់ធុងចម្រោះទឹកស្អាត, (ii) ការចូលរួមបដិភាគរបស់អាជ្ញាធរមូលដ្ឋាន, (iii) លើការគ្រប់គ្រងធុងចម្រោះទឹកតាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រង, (iv) វគ្គបណ្តុះបណ្តាលលើការថែទាំធុងចម្រោះទឹក, (v) ពិនិត្យទីតាំងដែលត្រូវតម្លើង និងរៀបចំសម្ភារៈដើម្បីទទួលធុងចម្រោះទឹកស្អាតព្រមទាំង (vi) ដឹកជញ្ជូនធុងចម្រោះទឹក និងធុងទឹកសម្រាប់ដាក់ទឹកយកទៅចម្រោះ តាមបណ្តាទីតាំងទាំង 25 ដូចខាងលើ ដែលនឹងចាប់ផ្តើមតម្លើងចាប់ពីថ្ងៃទី 10 រហូតដល់ថ្ងៃទី 22 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ ដោយអ្នកជំនាញបច្ចេកទេសបារាំង។
_________________________
រំលឹក៖ ផ្នែកអភិវឌ្ឍន៍ជាពិសេសលើការសាងសង់ស្ថានីយផលិតទឹកស្អាត នៃផែនការគ្រប់គ្រងធនធានទឹកចម្រុះ អាងស្ទឹងសែន
– ជំនួយតាមរយៈទីភ្នាក់ងារទឹកបារាំង Rhine-Meuse ឆ្នាំ 2017 និង2018៖ ស្ថានីយផលិតទឹកស្អាតចំនួន 3 បានដាក់ឲ្យប្រើប្រាស់រួចមកហើយ ស្ថិតនៅក្នុង៖
1- ឆ្នាំ 2018 ៖ ឃុំងន និងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
2- ឆ្នាំ 2017៖ ឃុំ ថ្មី ស្រុកគូលែន ខេត្តព្រះវិហារ