ស្ថានីយផលិតទឹកស្អាតឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ឯ.ឧ ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងឯ.ឧ ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ដែលជាប្រធានគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនខេត្តព្រះវិហារ និងខេត្តកំពង់ធំ ព្រមទាំងទីភ្នាក់ងារទឹកបារាំង Rhin-Meuse ។ ពិធីនេះ មានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងកំពង់ធំ, សមាជិកគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន, អភិបាលស្រុកជ័យសែន, អង្គការ AREED, អង្គការ HAMAP, អង្គការទឹកភ្លៀងកម្ពុជា, ឃុំ/ភូមិ ប្រជាពលរដ្ឋ, កងកម្លាំងទាំងបីនៃស្រុក និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ 250 នាក់។
ស្ថានីយផលិតទឹកស្អាតឃុំពុទ្រានេះ គឺជាស្ថានីយទី ៥ ហើយ ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ទីភ្នាក់ងារទឹកបារាំង (Rhin-Meuse ) ដោយចំណាយទឹកប្រាក់អស់ចំនួន ៨៥,០០០ដុល្លារ ។ ការសាងសង់នេះ អនុវត្តដោយអង្គការក្រៅរដ្ឋាភិបាលឈ្មោះ HAMAP ដោយមានអង្គការទឹកភ្លៀងកម្ពុជាជាដៃគូ ដែលបានចាប់ផ្តើមការងារកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែឧសភា ឆ្នាំ ២០១៩ ។ ស្ថានីយនេះអាចផលិតទឹកស្អាតសម្រាប់បរិភោគបានប្រមាណ 38 ម៉ែត្រគូប ស្មើនឹង ១៩០០ ប៊ីដុងក្នុងមួយថ្ងៃ ។
គិតមកដល់ពេលនេះ មានស្ថានីយ៍ទឹកស្អាត ចំនួន ០៥ ហើយដែលបានដាក់ជូនប្រជាជនប្រើប្រាស់ ក្នុងនោះ ស្រុកសណ្តាន់ ខេត្តកំពង់ធំចំនួន ០២ ស្ថានីយ៍ ។ស្រុកគូលែន ០១ ស្រុករវៀង ០១ ស្រុក ជ័យសែន ០១ ក្នុងខេត្តព្រះវិហារ។