នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូនៃទីភ្នាក់ងារទឹកបារាំងរួមមានទីភ្នាក់ងារទឹកបារាំង Rhin-Meuse , ទីភ្នាក់ងារទឹកបារាំង Loire-Bretagne និង ការិយាល័យទឹកអន្តរជាតិបារាំង ដឹកនាំដោយលោក Joel Pelicot ប្រធានគណៈកម្មការសហប្រតិបត្តិការអន្តរជាតិទីភ្នាក់ងារទឹកបារាំង ចូលជួបពិភាក្សាលើការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន ដែលបានអនុវត្តក្រោមជំនួយរបស់ទីភា្នក់ងារទឹកបារាំង ។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកទ្រទ្រង់ដល់ការលូតលាស់សេដ្ឋកិច្ចជាតិនៃកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត និងជាពិសេស ស្ថានភាពអាកាសធាតុដែលកម្ពុជា នឹងទទួលរង ឥទ្ធិពលEl Nino ដែលធ្វើអោយឡើងកម្តៅខ្លាំងសម្រាប់រដូវប្រាំង ជាពិសេសក្នុងខែមេសា ឆ្នាំ២០១៩ ។ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុក ការជួយរបស់ទីភ្នាក់ងារទឹកបារាំង សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន ដែលបាននឹងកំពុងអនុវត្តរហូតមកដល់ពេលនេះ ថាជាការរួមចំណែកដ៏សំខាន់សម្រាប់លើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅកម្រិតអាង ដែលបច្ចុប្បន្នជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើនដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់។
ជាការឆ្លើយតប លោក Joel Pelicot ប្រធានគណៈកម្មការសហប្រតិបត្តិការអន្តរជាតិទីភ្នាក់ងារទឹកបារាំង បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសលើវិស័យធនធានទឹក និងចំពោះវឌ្ឍនភាពនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែនដែលបានអនុវត្ត និងសម្រេចបានរហូតមកដល់ពេលនេះ ។ លោក Joel Pelicot បានវាយតម្លៃថា គម្រោងពិតជាបានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពក្នុងក្របខ័ណ្ឌនៃវិស័យធនធានទឹក និងបានជម្រាបថា ទីភ្នាក់ងារទឹកបារាំង នឹងពិនិត្យលទ្ធភាពជួយសម្រាប់ការអនុវត្តគម្រោងខាងលើ ជាបន្តទៀត ។
ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាបន្តជួយរបស់ភាគីទីភ្នាក់ងារទឹកបារាំង លើវិស័យធនធានទឹកនៅកម្ពុជាជាពិសេសលើការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកចម្រុះក្នុងកម្រិតអាង ដើម្បីរួមចំណែកធានានូវនិរន្តរភាពនៃធនធាន និងការប្រើប្រាស់សម្រាប់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត។