នៅចុងឆ្នាំ 2011 ភ្នាក់ងារទឹកបារាំង Loire-Bretagne និងភ្នាក់ងារទឹកបារាំង Rhine-Meuse អមដំណើរដោយការិយាល័យទឹកអន្តរជាតិបារាំង OIE ដែលជាសេនាធិការរបស់ភ្នាក់ងារទឹកបារាំង Loire-Bretagne និង Rhine-Meuse បានមកធ្វើទស្សនៈកិច្ចសិក្សានៅកម្ពុជា និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពី ការរៀបចំគ្រប់គ្រងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ដូចជាអាងទន្លេនៅជុំវិញបឹងទន្លេសាប។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារខាងលើ ភ្នាក់ងារទឹកបារាំង Loire-Bretagne និងភ្នាក់ងារទឹកបារាំង Rhine-Meuse បានទទួលយកអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ឲ្យជ្រើសរើសអាងទន្លេស្ទឹងសែនជាគំរូលើគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងទន្លេ/ស្ទឹង។ គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន ដែលអាចចាត់ទុកជាគម្រោងគំរូរនៃការគ្រប់គ្រងអាងរងទឹកភ្លៀងមួយដ៏ធំក្នុងចំណោមស្ទឹងទាំង 11 នៅជុំវិញបឹងទន្លេសាប បានចាប់ផ្តើមធ្វើការសិក្សា តាមដាន បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរទន្លេសាប និងភ្នាក់ងារទឹក Loire-Bretagne និងភ្នាក់ងារទឹក Rhine-Meuse ក្នុងការផ្តល់ជំនួយថវិកាក្នុងរយៈពេល 2 ឆ្នាំម្តង នៅទីក្រុង Marseille ប្រទេសបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ជាកិត្តិយស ក្នុងទិវាទឹកពិភពលោកលើកទី 6 នាថ្ងៃទី 13 ខែមីនា ឆ្នាំ 2012 (6th Forum Mondial De l’Eau) ។ នៅខែ តុលា ឆ្នាំ 2012 ការចុះកិច្ចព្រមព្រៀងរវាង អាជ្ញាធរទន្លេសាប និងការិយាល័យទឹកអន្តរជាតិបារាំង OIE ដែលជាអ្នកប្រតិបត្តិករណ៍នៅទីក្រុងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចាប់ដំណើរការ គម្រោង។ ថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាបចំនួន 6 រូប ត្រូវបាន ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ប្រគល់បេសកម្មឱ្យដឹកនាំ សម្របសម្រួលដល់ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងកំណត់បទដ្ឋានបច្ចេកទេស និងវិធីសាស្រ្តសិក្សា ស្រាវជ្រាវលើការគ្រប់គ្រងធនធានទឹកចម្រុះ ដើម្បីរៀបចំផែនការ នៃការប្រើប្រាស់ធនធានទឹកអាងស្ទឹងសែនប្រកបដោយនិរន្តរភាព ដូចមានចែងក្នុងសេចក្តីសម្រេចលេខ 027/13 អ.ទ.ស ចុះថ្ងៃទី 10 ខែមករា ឆ្នាំ 2013 ស្តីពីការបង្កើតក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន។ បេសកកម្ម នៃគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន បានបែងចែកជា 5 ផ្នែក ឫ គោលដៅ ដូចខាងក្រោម៖
- ផ្នែកទី 1 ៖ ការសម្របសម្រួលជាទូទៅ និងការផ្សព្វផ្សាយពីបែបបទបច្ចេកទេស លើគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន រួមមាន៖ សិក្សា តាមដាន ក្នុងការកំណត់លក្ខណៈអត្តសញ្ញាណ នៃអាងស្ទឹងសែន តាមរយៈការចុះអង្កេតនៅក្នុងខេត្តទាំង 2 និងការប្រមូលព័ត៌មានលើការប្រើប្រាស់ទឹកគ្រប់វិស័យ, ការរៀបចំប្រព័ន្ធទិន្នន័យ ជាផែនទី ដល់ក្រុមការងារគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន នៃអាជ្ញាធរទន្លេសាប និងគណៈកម្មការប្រតិបត្តិគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ដោយដៃគូបារាំងការិយាល័យទឹកអន្តរជាតិបារាំង ។
- ផ្នែកទី 2 ៖ គាំទ្រក្នុងក្របខ័ណ្ឌស្ថាប័នរួមមួយដែលមានក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ជា ស្ថាប័នចម្បង និងការពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលលើ៖
- ការគ្រប់គ្រងប្រព័ន្ធព័ត៌ទិន្នន័យនៃធនធានទឹក
- ការរៀបចំបង្កើត និងផែនការមេក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនដែលត្រូវអនុវត្តតាមរដូវកាល តាមរយៈការរៀបចំបង្កើតគណៈកម្មការ ដើម្បីគ្រប់គ្រងអាងស្ទឹង និងលេខាធិការដ្ឋានក្នុងការគ្រប់គ្រងធនធានទឹក ចម្រុះ។
- ផ្នែកទី 3 ៖ ការកំណត់នូវប្រព័ន្ធព័ត៌មានមូលដ្ឋាន នៃធនធានទឹកតាមរយៈការប្រមូលទិន្នន័យ និងការវិភាគទិន្នន័យដែលបានមកពីការចុះសិក្សាស្វែងយល់, ការសិក្សាលើបរិមាណនៃធនធានទឹកដែលមាន លើតម្រូវការទឹក លើផ្នែក បរិស្ថានដែលមានទំនងទំនងនឹងធនធានទឹក មានជាអាថ៌៖ ព័ត៌មានលើផ្នែកអាកាសធាតុ/ឧតុនិយម, លើផ្នែករបបជលសាស្រ្ត និងអេកូសង្គម (Society Eco-system)
- ផ្នែកទី 4 ៖ ការបង្កើតឲ្យមានការគិតគូរពីគម្រោងថវិកាក្នុងការគ្រប់គ្រងធនធានទឹកចម្រុះដល់អ្នកប្រតិបត្តិក្នុងការអនុវត្តលើផែនការសកម្មភាពនៃការគ្រប់គ្រងធនធានទឹកចម្រុះអាង
ស្ទឹងសែន ដោយដៃគូបារាំងភ្នាក់ងារទឹកបារាំង និងការិយាល័យទឹកអន្តរជាតិបារាំង។
- ផ្នែកទី 5 ៖ ការអភិវឌ្ឍន៍ដោយជាក់ស្តែង ក្រោយពីផែនការសកម្មភាពបានសម្រេចលើចំណុចអាទិភាព ដោយ គណៈកម្មការប្រតិបត្តិក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែ
ន ក្រោមជំនួយឥតចំណងលើការអភិវឌ្ឍ ជាក់ស្តែងដូចជាការសាងសង់ស្ថានីយផលិតទឹកស្អាត ព្រមទាំងការពង្រឹងសមត្ថភាពនៃសហគមន៍កសិករប្រើប្រាស់ ទឹក។
ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន គឺជាភារកិច្ចចម្បងមួយរួមគ្នា នៃអ្នកប្រើប្រាស់ធនធានទឹកគ្រប់វិស័យ ដោយគ្រប់ស្ថាប័នលើគ្រប់វិស័យពាក់ព័ន្ធនឹងធនធានទឹកដែលជាតំណាងរបស់រាជរដ្ឋាភិបាល សហការជាមួយសង្គមស៊ីវិលក្នុងវិស័យឯកជននានា ក្នុងការថែរក្សា ការពារ អភិរក្សនូវធនធានទឹក ដែលជាធនធានធម្មជាតិមួយកកើតឡើងវិញជាសារធាតុមិនចេះរីងស្ងួត ដែលមនុស្ស សត្វ រុក្ខជាតិរស់នៅលើផែនដីត្រូវការជាចាំបាច់ ហើយដែលបានប្រើប្រាស់ក្នុងបរិមាណជាអតិបរមា បំរើដល់គ្រប់វិស័យរួមមាន៖ ទឹកសម្រាប់កសិកម្មក្នុងការស្រោចស្រព, កសិដ្ឋាន និងវារីវប្បកម្ម, ទឹកស្អាតសម្រាប់បរិភោគ, ទឹកប្រើប្រាស់ក្នុងឧស្សាហកម្ម,ទឹកសម្រាប់ការសំអាតនូវកាកសំណល់, វិស័យទេសចរណ៍៖ ជាកន្លែងតំបន់រមណីយដ្ឋាននានា) ក្នុងការរស់នៅ ធនធានទឹកនាំមកនូវចំណីអាហារ (ជីវចម្រុះ៖ ត្រី, សត្វ និងរុក្ខជាតិនានា) ការធ្វើពាណិជ្ជកម្មជាមុខរបរចិញ្ចឹមជីវិត និងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង ពីការគំរាមកំហែង និងការបំផ្លាញនានាមកពីការធ្វើអាជីវកម្មគ្រប់ប្រភេទហួសកម្រិត, ការបំពុលទឹកតាមរយៈការបង្ហូរកាកសំណល់គីមីរឹង និងរាវ, ការកាប់បំផ្លាញព្រៃឈើ ។ល។ ដើម្បីធានាតុល្យភាពទឹកលើទឹកប្រើប្រាស់គ្រប់វិស័យដោយគ្មានប៉ះពាល់ទាំងបរិមាណ និងគុណភាពទឹកនៃធនធានទឹក ។ ផ្អែកលើបែបបទបច្ចេកទេសក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន ដោយទៅតាមបទដ្ឋានគតិយុត្តិលើផ្នែកធនធានទឹក របស់ក្រសួងធនធានទឹកចម្រុះ ដំណើរការ និងការបង្កើតគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន មានជាលម្អិត ដូចខាងក្រោម៖ ការទទួលស្គាល់ជាផ្លូវការរបស់គណៈកម្មការ៖
- I) ការសម្រេចរបស់អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី 2 ខែមីនា ឆ្នាំ 2015 ក្នុងការចាត់តាំង៖
- សមាសភាព 22 រូប ចំពោះគណៈកម្មការ
- សមាសភាព 15 រូប ចំពោះគណៈកម្មការប្រតិបត្តិ
- II) ការសម្រេចរបស់អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2015 ក្នុងការចាត់តាំង៖
- សមាសភាព 43 រូប ចំពោះគណៈកម្មការ
- សមាសភាព 16 រូប ចំពោះគណៈកម្មការប្រតិបត្តិ
III) សេចក្តីសម្រេចរបស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី 15 ខែ មេសា ឆ្នាំ 2015 ស្តីពី ការបង្កើតគណៈកម្មការនាយក ដែលមានសមាសភាព ចំនួន 15 រូប
- IV) សេចក្តីសម្រេចរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 2015 ស្តីពីការបង្កើតបទបញ្ជាផ្ទៃក្នុងនៃគណៈកម្មការនាយក នៃគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន
ហើយសមាសភាពរបស់គណៈកម្មការក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនខាងលើ មានធាតុបង្គុំ
- សមាសភាពចំនួនប្រមាណ 46% គឺអ្នកដែលបានទទួលសន្លឹកឆ្នោតពីប្រជាជន
- សមាសភាពចំនួនប្រមាណ 45% គឺអ្នកតំណាងសហគ្រាសប្រើប្រាស់ទឹក និងសហគមន៌ប្រើប្រាស់ទឹក
- សមាសភាពចំនួនប្រមាណ 9% គឺស្ថាប័នរដ្ឋ/មន្ទីរ និងអាជ្ញាធរខេត្ត/ស្រុក
គម្រោង បានចាប់ផ្តើមពីឆ្នាំ 2012 ដល់ឆ្នាំ 2013 ក្នុងជំហ៊ាន I, ពីឆ្នាំ 2014 ដល់ឆ្នាំ 2015 ក្នុងជំហ៊ាន II និងពីឆ្នាំ 2016 ដល់ឆ្នាំ 2017 ក្នុងជំហ៊ាន III, ពីឆ្នាំ 2018 ដល់ឆ្នាំ 2019 ក្នុងជំហ៊ាន IV និងបន្តដល់ឆ្នាំ 2020 ។